ទស្សនៈអារីស្តូត

អារីស្តូត (Aristotle) ជាទស្សនវិទូក្រិច ​(៣៨៤-៣២២) ​មុនគ្រឹះសករាជ​ ។​ ចំពោះទស្សនវិជ្ជា​ លោកក៏បានចាប់អារម្មណ៍ផងដែរ ​ទៅលើបញ្ហានយោបាយ​ ។ ​លោកបានពោលថា​ «វិទ្យាសាស្រ្តនយោបាយ​ គឺជាកិច្ចការរបស់រដ្ឋ​ឬសង្គម» ​។ ​តាមគំនិតរបស់អារីស្តូត (Aristotle) ​រដ្ឋ​គឺជាសង្គម​ ។ ​ហើយរដ្ឋ កើតឡើង​ដោយសារតែពលរដ្ឋរួមផ្តុំគ្នាជាច្រើន​។ ​តាមគំនិតរបស់អារីស្តូត (Aristotle) ថា​ «មនុស្សលោក​ គឺជាសត្វចេះធ្វើនយោបាយ ពីធម្មជាតិមក​ ដែលជាលក្ខណៈវិសេសរបស់មនុស្ស​ មានលក្ខណៈវិសេសមួយទៀត ​គឺមនុស្សព្យាយាម រស់នៅក្នុងសង្គមរួមទាំងអស់គ្នា ​ពោលគឺរស់នៅក្នុងរដ្ឋតែមួយ» ​។ តាមទស្សនៈ របស់អារីស្តូត (Aristotle) ថា​ «រដ្ឋ​ កកើតឡើងដោយសារតែហេតុផលចាំបាច់មួយ ​គឺធ្វើយ៉ាងណា​ស់ ឲ្យជីវិតរស់នៅរបស់ពលរដ្ឋ មានភាពប្រសើរជាងមុន ​។​ហើយមានតែនៅមជ្ឈមណ្ឌលខាងក្នុងរដ្ឋទេ​ ដែលបង្កលក្ខខណ្ឌល្អៗ ​ឲ្យមនុស្សរស់នៅក្នុងភាពសុខដមរម្យនា ​និងសុភមង្គល ​ពីព្រោះភាពយុត្តិធម៌​ និងសិទ្ធិដែលបានបម្រើផលប្រយោជន៍​ ឲ្យប្រជាពលរដ្ឋគ្រប់រូប​ ដែលនៅក្នុងរដ្ឋប៉ុណ្ណោះ​» 
លោកអារីស្តូត (Aristotle) ជាសិស្សម្នាក់ ក្នុងចំណោមសិស្សជាច្រើនរបស់ ផ្លាតូ (Plato) ។ ​ភាពខុសគ្នា​របស់អារីស្តូត​ ទៅនឹងលោកគ្រូរបស់ខ្លួន​ គឺមកពីប្រភពមូលដ្ឋាននៃទស្សនៈវិជ្ជាផ្សេងៗ​គ្នា​ ដែលជាមូលហេតុ​ធ្វើឲ្យគំនិតនយោបាយ របស់មហាទស្សនៈវិទូរទាំងពីរនេះ​ ក៏មិនដូចគ្នាដែរ ​។ ​អារីស្តូត​ បានកំណត់នូវគោលការណ៍បួនយ៉ាងដំបូងបង្អស់នៃការកកើតគំនិត​រូបធាតុ​ មូលហេតុ​ និងគោលបំណង​ ។ ​អារីស្តូត ​ខុសពីផ្លាតូ​ត្រង់គិតថា «​រូបធាតុកើតមុន​ រីឯគំនិត​កើតក្រោយ​» ។ ​រូបធាតុ​ និងគំនិត​មានលក្ខណៈឯកភាពគ្នា​ មិនអាចកាត់ផ្តាច់ពីគ្នាបានទេ ​។ ​សម្រាប់អារីស្តូត​ រូបធាតុ​ជាដំបូងមានលក្ខណៈ អសកម្ម​ ចំណែកគំនិត​ មានលក្ខណៈសំខាន់ជាង ​ហើយគំនិត ដែលអាចកើតឡើងបាន ​ទាល់តែមានសកម្មភាពជាមួយរូបធាតុ​ ។​ ម្យ៉ាងទៀត​ សម្រាប់អារីស្តូត​ ខ្លឹមសារ ​និងបាតុភូតដែលបានកើតឡើង​ គឺលោកបានបង្ហាញថា​ «ខ្លឹមសារ​ កើតមានឡើងតាមរយៈរូបធាតុនិយម» ​។
ស្នាដៃដ៏សំខាន់របស់អារីស្តូត​ បានបង្ហាញនូវទស្សនៈទាន ​របស់ខ្លួនជាច្រើន​ ពាក់ព័ន្ធនឹងនយោបាយ ​។ ​ដូចជាផ្លាតូដែរ ​អារីស្តូត បានចាប់ផ្តើមនូវការបែងចែកលក្ខណៈ​ នៃរបបនយោបាយ​ និងទំរង់គ្រប់គ្រងរដ្ឋ​ ។ ការបែងចែកទំរង់គ្រប់គ្រងរដ្ឋរបស់ផ្លាតូ​ មានលក្ខណៈខុសគ្នាខ្លះៗ​ អំពីការបែងចែកទំរង់គ្រប់គ្រងរដ្ឋរបស់អារីស្តូត ​។​ទស្សនៈទានរបស់ផ្លាតូ បានគិតថា «​គោលការណ៍សំខាន់របស់រដ្ឋ​ គឺគុណធម៌​»  ​អារីស្តូត ​បានកំណត់នូវរចនាសម្ព័ន្ធនយោបាយ​ ដែលមានសម្បទានមានបីប្រភេទ​ ដោយអាស្រ័យ នឹងគុណធម៌ ​ហើយកំណត់ ទំរង់នយោបាយ​ដែលមិនមានសម្បទាន​ ៣ ប្រភេទទៀត​ ។ ​ប្រភេទរបបនយោបាយ​មានសម្បទាន ​តាមទស្សនៈអារីស្តូត​ គឺរបបរាជានិយម (Monarchy) ​របបអភិជនាធិបតេយ្យ​ ឬពួកវណ្ណៈខ្ពស់ (Aristocracy) និងមជ្ឈិមវិថីអធិបតេយ្យ (Polity) ។​ហើយរបបនិមួយៗ​ នៃរបបទាំង ៣ នេះ​ សុទ្ធតែមានលក្ខណៈ អវិជ្ជមានរបស់វា ​។​ តាមទស្សនៈអារីស្តូត​ បើរបបរាជានិយម ​មិនប្រកាន់គោលការណ៍របស់ខ្លួន ​គឺក្លាយជារបបផ្តាច់ការ (Tyranny) ​ចំណែកឯរបបអភិជនាធិបតេយ្យ​ អាចកើតមានឡើង នូវរបបគណាធិបតេយ្យ (Oligarchy) រីឯ Polity វាអាចក្លាយទៅជារបបប្រជាធិបតេយ្យ(Democracy) ។​ ភាពខុសគ្នា នៃរបបនយោបាយរបស់ផ្លាតូ​ និងអារីស្តូត​បានរកឃើញ នូវរបបនយោបាយមួយទៀត​គឺ​ Polity ។​ Polity គឺជារបបនយោបាយមួយ​ ដែលអំណាចស្ថិតនៅ ក្នុងដៃវណ្ណៈកណ្តាល​ ។​ ការកំណត់របស់អារីស្តូតនេះ​ បានចេញជារូបរាង នៅក្នុងរបបប្រជាធិបតេយ្យ (Democracy) នៃប្រទេសលោកខាងលិច​ ដែលសព្វថ្ងៃនេះ ​គេអាចចាត់ទុកថា​ ជារបបប្រជាធិបតេយ្យមួយដ៏ខ្ពង់ខ្ពស់ នៅក្នុងលោក ដែលប្រឹងប្រែង​ដើម្បីសេចក្តីចម្រើនលើគ្រប់វិស័យ នៃសង្គមមនុស្ស (Human Society)​ ការបែងចែករបបនយោបាយ​ ដែលអារីស្ដូត​បានបង្ហាញនៅ ក្នុងស្នាដៃរបស់ខ្លួន​ ឃើញថា​ការបែងចែកនេះ ​អារីស្តូត ​បានចាប់អារម្មណ៍​ ចំពោះរចនាសម្ព័ន្ធរដ្ឋ​ពីរប្រភេទ ​គឺទម្រង់រដ្ឋសម្បទាន​ និងទំរង់រដ្ឋមិនសម្បទាន​ (សម្រាប់អារីស្តូត​របបនយោបាយ​ និងទំរង់គ្រប់គ្រង រដ្ឋ​ពុំទាន់មានលក្ខណៈច្បាស់នៅឡើយទេ)​ លោកគិតថា «​ទំរង់រដ្ឋសម្បទាន ​មានលទ្ធភាពដើម្បីបង្កើតនូវគុណធម៌មួយចំនួន ​រីឯទំរង់រដ្ឋមិនសម្បទានវិញ​មិនអាច» ​។ ​លោកអារីស្តូត​ បានកំណត់នូវរបបនយោបាយ​និងទំរង់គ្រប់គ្រងរដ្ឋ​ គឺស្ថិតនៅលើអំណាចពិតប្រាកដ របស់រដ្ឋ​ ។​ អារីស្តូត បានធ្វើការអះអាងថា «​ភាពខុសគ្នា រវាងរបបនយោបាយផ្សេងៗ​ គ្នា​ គឺនៅត្រង់ចំនួនមេដឹកនាំរដ្ឋ​ » ។ ​អារីស្តូត បានបង្ហាញ​ នូវរបបនយោបាយ​ និងទំរង់គ្រប់គ្រងរដ្ឋ​ ដែលស្ថិតនៅក្នុងការកំណត់​ និងការបែងចែកប្រភេទទាំងពីរផ្សេងពីគ្នា​ នៃរចនាសម្ព័ន្ធរដ្ឋគំរូ​ ។
រដ្ឋគំរូទី១ ​ អារីស្តូត​ ចាប់អារម្មណ៍ទៅនឹងរដ្ឋគំរូ ​ដែលមានលក្ខណៈខុសពីគេទាំងអស់​ ។ ​រដ្ឋគំរូ​ បានផ្តល់ការបំពេញជូនសង្គម នូវស្ថេរភាពយូរអង្វែង​ ជាអតិមរមា​ រដ្ឋបែបនេះ​ សម្រាប់អារីស្តូត​ ជារដ្ឋគំរូនៅក្នុងការអនុវត្តន៍នយោបាយ​ ។ ​អារីស្តូតបានគិតថា ‍«Polity ​ជារបបនយោបាយគំរូ​ ព្រោះនៅក្នុងរបបនេះ​ អំណាចស្ថិតនៅក្នុងការគ្រប់គ្រងដោយវណ្ណៈកណ្តាល» ​។ ​តាមទស្សនៈរបស់អារីស្តូត ​Polity គឺចំពោះរដ្ឋណា​ ដែលដឹកនាំប្រកបដោយគតិវិញ្ញូ​ និងភាពទទួលខុសត្រូវ ចំពោះសកម្មភាពរបស់ខ្លួន ​ហើយអំណាច ស្ថិតនៅក្រោមការគ្រប់គ្រងរបស់មនុស្សភាគច្រើន​ ។​ ហើយទោះជាយ៉ាងណាក្តី ​ក៏ទម្រង់​ Polity នេះ​ខ្លាំងជាងប្រព័ន្ធចុងម្ខាងៗ ​​មានន័យថា​​ ចុងទាំងសង្ខាង ​គឺមានកម្លាំងស្មើគ្នា ​ហើយអាចរារាំងសត្រូវបាន ​។
រដ្ឋគំរូទី២ ​អារីស្តូត​ បានឲ្យតំលៃដោយគិតថា ​ប្រសើរបំផុត ចំពោះទស្សនៈប្រកបដោយសីលធម៌ ​នៅក្នុងរបប​ដែលនៅទីនោះ ​ប្រជាពលរដ្ឋ ប្រឹងប្រែងដើម្បីបានទទួលនូវកិត្តិយស ​និងគុណធម៌ នៅក្នុងជីវិត ​។ ​រចនាសម្ព័ន្ធរដ្ឋ ដែលល្អបំផុត​ គឺជាអង្គការមួយ ​ដែលផ្តល់នូវលទ្ធភាព​ដល់មនុស្ស​ ដើម្បីរស់ក្នុងភាពរុងរឿង ​និងសុភមង្គល​។​ រដ្ឋគំរូ​ អារីស្តូត បានចាប់អារម្មណ៍ជាខ្លាំង​ ចំពោះស្ថានភាពខាងក្រៅ នៃអត្ថិភាពរបស់រដ្ឋ​ ជាបឋម គឺចំនួនប្រជាពលរដ្ឋ​ ស្ថានភាពរស់នៅ ជាមួយនឹងការឧបត្ថម្ភគ្រប់បែបយ៉ាង​ និងស្ថនភាពទឹកដី​ ដើម្បីការពារ​ និងទប់ទល់សត្រូវឈ្លានពាន​ ។​ តាមទស្សនៈរបស់អារីស្តូត​ ដែលបានចារនៅក្នុងរបបនយោបាយ​បានឲ្យយើងដឹងថា ​ក្នុងចំណោមប្រជាជន​ ត្រូវបានបែងចែកចេញពួកសិប្បករ ​និងឈ្មួញ ​ព្រោះក្នុងកិច្ចការជីវិតរបស់គេ​ មិនឆ្លើយតបទៅនឹងគុណធម៌ទេ ​ដើម្បីមានតួនាទីជាពលរដ្ឋចំតួ ​គឺមានតែពួកកសិករទេ ​។​ ប្រជាពលរដ្ឋទាំងអស់​ ត្រូវតែចូលរួមជួយគ្នាទៅវិញទៅមក ក្នុងគ្រប់សកម្មភាព ​និងគ្រប់មធ្យោបាយទាំងអស់​ ដែលជាកិច្ចការកសិកម្ម ក្នុងសង្គម​ ។ ​អារីស្តូតបានគិតថា​ «នៅក្នុរដ្ឋគំរូ​ ត្រូវតែបែងចែកដីធ្លី​ ជាសម្បត្តិរួម​ និងជាសម្បត្តិឯកជន​» ។​ ចំពោះដីរួម​ អារីស្តូតបានគិតថា ​«ត្រូវតែបែងចែកជាពីរផ្នែក ​។ ​ប្រាក់ចំណូល ដែលបានមកពីចំណែកមួយ ​ក្នុងចំណោមនេះ ​ត្រូវគេប្រើ សម្រាប់សេចក្តីត្រូវការនៅក្នុងសាសនា​ រីឯចំណែកទីពីរ ​គឺសម្រាប់មូលនិធិសង្គម (Social​foundation)» ​។​
ដូច្នេះ ភាពខុសគ្នា ជាមូសដ្ឋាននៃទស្សនទាននយោបាយ របស់អារីស្តូត​ និងផ្លាតូ ស្ថិតនៅត្រង់ថា​ អារីស្តូត​មានទស្សនៈផ្ទុយនឹងលោកគ្រូរបស់ខ្លួន ​ត្រង់កន្លែងតថភាព​ និងលក្ខណៈ​ជាគំរូ ដែលបាន​កំណត់តំលៃ​ និងទិសដៅ​ជាក្រឹតក្រមចំពោះការស្រាវជ្រាវបញ្ហានយោបាយ​ ។ ​រដ្ឋគំរូ របស់អារីស្តូត​ អាចកើតឡើងបាន អាស្រ័យកត្តាពីរយ៉ាង​ កត្តាទីមួយ គឺ​ស្ថេរភាព ​និងកត្តាទីពីរ ​គឺក្រមសីលធម៌​ ។​ ដូច្នេះ សម្រាប់អារីស្តូត​ មានរចនាសម្ព័ន្ធរដ្ឋគំរូពីរយ៉ាង ​។ ​ម្យ៉ាង ​គឺរដ្ឋដែលគិតគូរដល់ប្រយោជន៍រួម នៃវណ្ណៈកណ្តាលជាអតិបរមា ​ម្យ៉ាងទៀត​ គឺរចនាសម្ព័ន្ធ​ សំដៅទៅលើគោលការណ៍បុគ្គលិកភាព ​ដែលជាមនុស្សប្រកាន់ខ្ជាប់ នូវគុណធម៌​ ដែលជាទិសដៅនយោបាយសង្គមដ៏សំខាន់បំផុត ​ជាពិសេស​ គឺនយោបាយទំនាក់ទំទងគ្នា​ របស់ប្រជាជន ដែលរស់នៅក្នុងរដ្ឋ​ ។​ និយាយអំពីរដ្ឋ​អារីស្តូតបានបង្ហាញថា​ «មនុស្ស​ គឺជាសត្វចេះធ្វើនយោបាយ ពីធម្មជាតិ​ ហើយដឹកនាំខ្លួន​ ការប្រឹងប្រែងជាសភាវគតិ​ ដើម្បីរស់នៅជាមួយគ្នា ​រីឯការរីកចម្រើនសង្គម ​គឺចេញពីគ្រួសារ ទៅជាសង្គម ​និងពីសង្គមទៅជារដ្ឋ» ​។
បើតាមទស្សនៈរបស់អារីស្តូត​ ដែលបាននិយាយនៅក្នុងស្នាដៃ នៃនយោបាយ​ គឺរដ្ឋ​បើតាមលក្ខណៈធម្មជាតិ របស់ខ្លួននាំមុខបុគ្គល​ ពីព្រោះលក្ខណៈធម្មជាតិ របស់រដ្ឋ​ មានទីតាំងនៅមុនលក្ខណៈធម្មជាតិរបស់គ្រួសារ ​ និងបុគ្គល ​។ ​កត្តាចាំបាច់ដើម្បីឲ្យរដ្ឋនាំមុខបុគ្គល ​តាមអារីស្តូតថា​ «រដ្ឋ ត្រូវបង្កលក្ខ័ណ្ឌល្អប្រសើរ​ សម្រាប់ជីវិតពលរដ្ឋ ​។ ​មានតែនៅក្នុងរដ្ឋទេ​ ទើបមនុស្សអាចមានការជឿនលឿន​ ពីព្រោះរដ្ឋ​នាំមក នូវយុត្តិធម៌ ​និងសីលធម៌​ ដែលបម្រើ ផលប្រយោជន៍រួម​របស់ប្រជាជន» ​។ ​ត្រង់នេះ អារីស្តូត​ បាននិយាយអំពីរដ្ឋ ដូចជាការចុះកិច្ចព្រមព្រៀងសង្គម របស់ប្រជាពលរដ្ឋ​ ដែលជាទស្សនទាន នៃការកកើតសង្គមពលរដ្ឋ​ និងនីតិរដ្ឋ​ ។​ ថ្វីបើអារីស្តូត​ ពុំបានបែងចែក ឲ្យដាច់រវាងរដ្ឋ​ និងសង្គមពលរដ្ឋយ៉ាងណាក៏ដោយ​ ក៏អារីស្តូត បាននិយាយថា​ «រដ្ឋ ត្រូវតែឆ្លុះបញ្ចាំង នូវផលប្រយោជន៍ របស់ប្រជាពលរដ្ឋ​» ។ ​នៅក្នុងទ្រឹស្តីរបស់អារីស្តូត​ ក៏ដូចជានៅក្នុងទ្រឹស្តីរបស់ផ្លាតូដែរ ​មានបង្កប់នូវលក្ខណៈផ្តាច់ការនិយម​ ។ ​មនុស្ស​ គឺជាផ្នែកមួយរបស់រដ្ឋ​ ផលប្រយោជន៍បុគ្គល​ មិនត្រូវធ្វើឲ្យប៉ះពាល់ដល់ផលប្រយោជន៍រួម​ ។​ នៅក្នុងការវាយតំលៃរបស់អារីស្តូត​ ពលរដ្ឋ ​គឺជាផ្នែកមួយ នៃនយោបាយរួម​ ។ ​អារីស្តូតបានហៅពាក្យថា​ ពលរដ្ឋ​ គឺជាមនុស្សដែលមានសេរីភាព​ ប៉ុន្តែសេរីភាព មានអត្ថន័យត្រឹមតែពាក្យផ្ទុយ នឹងទាសភាព​ប្រជាពលរដ្ឋ​ មិនមែនជាទាសករទេ​ គ្មាននរណាដឹកនាំគេទេ​ ។​ ពលដ្ឋ​ធ្វើការងារ តែជាយោធា​ និងការងារទាក់ទង នឹងតុលាការ ​រីឯការងារធ្វើស្រែចំការ ​និងផលិតកម្ម​ គឺជាការងារទាសករ ​។ ​អារីស្តូត​ បានកំណត់គោលការណ៍​របស់អភិជនាធិបតេយ្យ​ គឺគុណធម៌​ ។​ គោលដៅរបស់អភិជនាធិបតេយ្យ ​គឺទ្រព្យសម្បត្តិ​ ។​ គោលដៅរបស់ប្រជាធិបតេយ្យ​ គឺសេរីភាព​ ។ ​គឺមានតែ​ Polity ទេ​ ដែលចាត់ទុកដូចជាទំរង់គ្រប់គ្រងរដ្ឋគំរូ​ មានអំណោយផលល្អ ​ហើយរបបនយោបាយគំរូដ៏ល្អ​បង្ខំទៅដោយសារធាតុបីយ៉ាងខាងលើនេះ​ ។ ហើយអ្វីទៅ​ ដែលហៅថា​ របបនយោបាយអភិជនាធិបតេយ្យត្រឹមត្រូវពិតប្រាដក ​គឺនៅពេលណា ​មានការដឹកនាំល្អ ​បានបង្រួបបង្រួមប្រយោជន៍​ទាំងអ្នកមាន​ ទាំងអ្នកក្រ​ ។ ​វណ្ណៈកណ្តាល ​ដែលកំណត់មុខមាត់របស់​ Polity គឺស្ថិតនៅចន្លោះ រវាងអ្នកមាន ​និងអ្នកក្រ​ ហើយថែមទាំង ជួយថែរក្សាសង្គម ឲ្យមានស្ថេរភាព​ និងគ្មានព្រឹត្តិការណ៍បដិវត្តន៍​ដូ ច្នេះហើយ របបនេះ​ គឺជារបបដ៏ល្អ​ រក្សាមិនឲ្យមានចលាចល ​អស្ថេរភាព ​ដែលអារីស្តូត​បានចាត់ទុកថា ​ជាទំរង់គ្រប់គ្រងរដ្ឋគំរូ​ ត្រឹមត្រូវសម្រាប់ជម្រើសរបស់អ្នកដឹកនាំ​ ។​​​​​​​​​​​
Buddha Dhamma Monk

Buddhism stresses the importance of proper behavior, broadly summarized in The Eightfold Path: 1.Right View 2.Right Thought 3.Right Speech 4.Right Action 5.Right Livelihood 6.Right Effort 7.Right Mindfulness 8.Right Concentration Buddhism's most important moral guidelines are the Five Precepts: 1.I undertake to observe the precept regarding abstention from killing 2.I undertake to observe the precept regarding abstention from taking anything not given 3.I undertake to observe the precept regarding abstention from indulging in unlawful sexual relations 4.I undertake to observe the precept regarding abstention from speaking lies 5.I undertake to observe the precept regarding abstention from taking intoxicating drinks # 23,Group 48,village 5,St.282,Sangkat Beong Keng Kong1, Khan chamkarmorn Phnom Penh +855 I have graduate from BUILD BRIGHT UNIVERSITY(BBU) AND PREAH SIHANOUK RAJA (SBU) I work at Khmer Plus Computer Address: #156BE, St.63 (Trasak Phaem), Sang kat Chaktomok, Khan Daun Penh, Phnom Penh And Much More... Hey..My name is Thol Un Welcome To my site! Hope it will help you! Nice to know you!

Post a Comment

Previous Post Next Post