ទស្សនៈរបស់​សូក្រាត​ ( ៤៦៩-៣៩៩​ មុន ​គ.ស. )

សូក្រាត (Socrates) ​កើតនៅឆ្នាំ ​៤៦៩ ​មុន ​គ.ស ​ជិតក្រុងអាតែននៃប្រទេសក្រិច​​គឺកើតក្រោយសង្រាមនៅសាឡាមីន​ ១០ ​ឆ្នាំ​ ។ ​បិតារបស់គាត់ ឈ្មោះ​សូប្រូនីស៍​‌‌ ជាជាងចម្លាក់នៅក្រុងអាតែន​ មាតាឈ្មោះហ្វេណារ៉ែត​ ជាឆ្មបជួយសង្រ្គោះជីវិតមនុស្ស​មិនរើសមុខ ​។​ដូច្នេះហើយបានជាសូក្រាតតែងនិយាយថា​«ម្តាយខ្ញុំជាឆ្មបសំរាលកូន ​ឯខ្ញុំជាឆ្មបសំរាយគំនិត​» ​។​
តាមឯកសាររបស់អារីស្តូត​បានបញ្ជាក់ថា​ សូក្រាតមានភរិយា​ឈ្មោះសង់ទីប​ និងមានកូន​ ៣ ​នាក់ ។​កូនរបស់សូក្រាត ជាជនសាមញ្ញខាងផ្លូវបញ្ញា​ និងគំនិត​គ្មានទេពកោសល្យ ដូចឪពុកឡើយ ​។ ​សូក្រាត​ជាយុវជនដ៏ឆ្នើមឯកម្នាក់ គាត់ធ្លាប់ចូលប្រយុទ្ធក្នុងឋានៈជាទាហាននៃកងពលថ្មើរជើងនៅសមរភូមិជាច្រើន​​ដូចជានៅស្រុកសាមូស​នៅទីប៉ូដេ​នៅដេលឺយុង​.....ជាដើម ​​‌៕
លក្ខណៈទូទៅរបស់សូក្រាត
លោកសូក្រាត ​​(៤៦៩-៣៩៩) ​មុន​ គ.ស បាន​ក្លាយជា​អ្នក​ទស្សនវិជ្ជាម្នាក់ដែលសំខាន់ និង​ល្បីល្បាញនៅក្នុងប្រវត្តិសាស្រ្តរបស់ពិភពលោក​ ។ ​គាត់ត្រូវបានរដ្ឋាភិបាលក្រុងអាតែន ដែលគ្រងប្រទេសខ្លួននាពេលនោះ ​​តាមរបបប្រជាធិបតេយ្យបែបផ្ទាល់ បានចោទប្រកាន់គាត់ថា​​គាត់មិនបានគោរពដល់ព្រះរបស់ទីក្រុងនាសម័យនោះ​ ហើយនឹងបានផ្សព្វផ្សាយ នូវដំណឹងអកុសលផ្សេងៗទៀត ​ហើយថែមទាំងបានបំផ្លាញដល់អនាគតរបស់យុវជន ​។ នៅពេលនោះ​រដ្ឋាភិបាលយល់ថា ​​ផ្នែកនយោបាយ​ពុំមានទោសកំហុសអ្វីទេ​ចំណែកឯបញ្ហាសាសនាវិញ​​ស្ថិតក្រោមសមត្ថកិច្ចរបស់រដ្ឋ​​ ។​ លោកសូក្រាត​បានបង្រៀនថា​ «​នយោបាយ គឺជាសិល្បៈដែលទាមទារឲ្យមាននូវចំណេះដឹងជាមូលដ្ឋានដ៏ល្អ» ​ ។​ទោះជាយ៉ាងណាក៏ដោយ​ ក្នុងចំណោមនោះ​ មានប្រជាជនភាគច្រើន​រាប់បញ្ចូលទាំងអ្នកនយោបាយ​នាសម័យនោះ​​ ពុំមានចំណេះដឹងជាមូលដ្ឋានល្អនោះឡើយ​ ​ហើយជាហេតុធ្វើឲ្យពួកគេពុំអាច​ដោះស្រាយនូវបញ្ហានយោបាយបានល្អទេ​ ។ ទស្សនៈខាងលើនេះ ​​វាប្រឆាំងទៅនឹងគំនិត​ប្រជាធិបតេយ្យរបស់អាតែន ដែលត្រូវការចាំបាច់នូវសំឡេង​មនុស្សគ្រប់រូប​ត្រាប់តាមមាត់របស់​ពួកគេដូច​ៗ​​គ្នា​ ។ ​ហើយនៅពេលនោះ​​ សូក្រាត​​បានទាក់ទងនឹងពួកគណាធិបតេយ្យ​​(Oligarchy)​​ដែលកាន់អំណាចនៅក្រុងអាតែន​​​ក្នុងកំឡុងឆ្នាំ​ ៤១១ ​មុន ​គ.ស ​ហើយឆ្នាំ​ ​៤០៤-៤០៣​ មុន ​គ.ស. ហើយកិច្ចការរបស់ពួកគណាធិតយ្យ ​(Oligarchy)​ នេះ​ត្រូវបាពួក​រាជាធិបេតយ្យ (Monarchy) នាពេលនោះ​​គិតថាមានគ្រោះថ្នាក់បំផុត​ ។ ​មួយចំនួននៃពួកនេះ​​មានពីរបីនាក់​ធ្លាប់ជាអតីតក្លើរបស់គាត់ពីមុន​ ។​ទោះជាយ៉ាងណាក៏ដោយ ​សូក្រាតយល់ថា​​ ពលរដ្ឋទាំងអស់ ​ទោះជាក្នុងករណីណាក៏ដោយ​​ត្រូវតែគោរពបង្គាប់របស់រដ្ឋ ហើយ​មិនអាចក្បត់​នឹងមនសិការនេះឡើយ​ ​។ ​គាត់បានប្រកែកដាច់ខាត​​ចំពោះការជួយរូបគាត់ឲ្យរត់ចេញពីគុក​ ​។ ​ហេតុផល​ ៣ ​យ៉ាងដែលគាត់បានផ្តល់គឺ៖​
១-កិច្ចការទំនាក់ទំនងរវាងរដ្ឋ​ ហើយនឹងពលរដ្ឋ​ គឺវាមិនដូចគ្នា​ទៅនឹងទំនាក់ទំនងរវាងឪពុកម្តាយ​ហើយ​នឹងកូនទេ​ គឺថា​រដ្ឋជំពាក់គុណពលរដ្ឋ​ ព្រោះថាពលរដ្ឋ ​ជាឪពុកម្តាយរបស់រដ្ឋ​ ។
២-ក្នុងនាមសូក្រាត​ ជាអ្នកគោរពច្បាប់​ម្នាក់​ ហើយគាត់ជាពលរដ្ឋអាតែន​គាត់បានទទួលនូវការទំនុកបំ​រុងនានា​​ដើម្បីទ្រទ្រង់ជិវិតរបស់គាត់​ ដូច្នេះគាត់បានចុះហត្ថលេខាជាមួយអាតែនថា ​គាត់ត្រូវតែគោរព​ច្បាប់​អាតែន ​។
៣-ការរំលោភលើច្បាប់រដ្ឋ​ ហើយប្រសិនបើអ្នកគ្រប់គ្រងគិតថា​ ត្រឹមត្រូវនោះ​លទ្ធិផលបានមកវិញគឺ​ប្រកបដោយគ្រោះថ្នាក់បំផុត​ ក្នុងការវិនិច្ឆ័យតាមគតិយុត្តបែបនេះ​ ។
លក្ខណៈសំខាន់ៗមួយចំនួនទៀត
សូក្រាត ​ត្រូវបានជនជាតិក្រិចទាំងអស់ប្រសិទ្ធិនាមថា ជាបិតាទស្សនៈវិជ្ជា​និងជាបិតាវិទ្យាសាស្រ្តនយោបាយ​ ។ ​​ប្រជាជនអាតែននាពេលនោះ​ ទទួលស្គាល់គាត់ថា ជាវាគ្មិន​​ពូកែនិយាយ​ពូកែសួរ ​ពូកែឆ្លើយ​ ទីណាមានសូក្រាត​ ទីនោះមានមនុស្សរោមជុំវិញ​ ។ ​កិច្ចការ​របស់គាត់​គឺស្វែងរកការពិតមានសុភវិនិច្ឆ័យសមហេតុផល​មានតំលៃ​មានសុជីវធម៌​ សីលធម៌​ ដែលកត្តាទាំងនេះ​ជាលក្ខណៈរបស់រដ្ឋ​ និងច្បាប់​ ។ ​បើមានការភិក្សាស្តីអំពីសីលធម៌​នយោបាយ​គាត់បានពន្យល់ច្បាស់លាស់​និងមានលក្ខណៈនិយមន័យ​ ​។​ លោកបានលើកពីលក្ខណៈខុសគ្នា​រវាងសិទ្ធិពិត ​និងច្បាប់រដ្ឋ ​ឃើញថា​ចំនុចទាំងពីរនេះ​មានប្រភពចេញអំពី ​Intellect​or Reason ​ទាំងអស់ជាដំបូង​ ។ ​គាត់បានព្យាយាមធ្វើការបកស្រាយឆ្លុះបញ្ចាំងពីការរៀបចំប្រមូល​ផ្តុំនូវលក្ខណៈធម្មជាតិ​ Intellect​ ដែលជាប្រភពមានសុជីវធម៌នៃនយោបាយ​ និងនៃបាតុភូត​​ផ្សេងៗ​របស់ច្បាប់​ ។ ​ដូច្នេះគាត់បានចេញនូវសេចក្តីសន្និដ្ឋានថា ​​​​​​Intellect យុត្តិធម៌​ និងច្បាប់វាជាសទិសន័យនឹងគ្នា​ ។ ​សូក្រាត ជាមនុស្សម្នាក់​ដែលគោរពច្បាប់បំផុត​ ​ព្រោះច្បាប់ជាកាតព្វកិច្ចរបស់ពលរដ្ឋគ្រប់រូប​ ​ហើយពលរដ្ឋ​ត្រូវតែទទួលខុសត្រូវរាល់ទង្វើរបស់ខ្លួន​ ។​ម្យ៉ាងទៀត ​ការបង្ហាញឲ្យឃើញនូវភាពត្រឹមត្រូវ​មួយទៀត​ អំពីច្បាប់​ និងយុត្តិធម៌ គុណធម៌​ព្រមទាំងអំពើល្អដែលផ្តល់ផលប្រយោជន៍ទាំងអស់នេះ អាចចាត់ទុកក្នុងចង្កោមដែលមានមូលដ្ឋានពីចំណេះដឹង​ និងការអប់រំល្អ​ ។​ទស្សនៈខុសគ្នា​អំពីសុជីវធម៌​ច្បាប់​នយោបាយ ​ហើយនឹងការអនុវត្តន៍ជាក់ស្តែង​របស់រដ្ឋាភិបាល ហើយមិនមែននៅតែក្នុងរបបប្រជាធិបតេយ្យ (Democracy) ប៉ុណ្ណោះទេ ​សូម្បីតែនៅក្នុងរបបគណា​ធិបតេយ្យ ​(Oligarchy) ​របបទុជនាធិបតេយ្យ (Tyranny) អភិជនាធិបតេយ្យ​​ (Aristocracy)​ផងដែរ ​។​សូក្រាត បានតិះទៀន នូវរាល់កំហុសទាំងឡាយរបស់រដ្ឋ​ដែលគ្មានភាពសច្ចៈ​​បង្ហាញពីហេតុផលឲ្យបានច្បាស់លាស់ឡើយ​ ។​ ចំណេកឯទស្សនៈទ្រឹស្តី​នយោបាយវិញ​ការបកស្រាយរបស់សូក្រាត​ពុំមានលក្ខណៈដូចទៅ​ នឹងការបកស្រាយរបស់អ្នក​បា្រជ្ញដទៃឡើយ​ ។​​​រដ្ឋដែលរីកចម្រើន ​គឺដោយសារច្បាប់ដឹកនាំ​។​គាត់បានឲ្យតំលៃយ៉ាងខ្លាំងរបស់ពួក​អភិជនាធិបតេយ្យ​ (Aristocracy) ហើយបដិសេធនូវការដឹកនាំបែបប្រជាធិបតេយ្យជ្រុល ដែលជាកត្តាធ្វើឲ្យប្រទេសជាតិជួបនូវវិបត្តិជាច្រើន​រហូតរលាយ​ដល់រដ្ឋាភិបាលនោះតែម្តង​  ​ សូក្រាត​ឃើញភាពអសមត្ថភាពរបស់មេដឹកនាំប្រជាធិបតេយ្យ​នាសម័យនោះ​។​ អ្នកដឹកនាំត្រូវតែមាននូវចំណេះដឹង​យល់ដឹងច្រើន​ហើយការទាមទារនេះ​ គឺគំនិតចំបងរបស់សូក្រាតស្តីអំពីសុភវិនិច្ឆ័យរបស់រដ្ឋាភិបាល​ និងសិទ្ធិជាកត្តាចាំបាច់ដំបូង​ដែលមានការពាក់ព័ន្ធចាំបាច់ទៅគ្រប់ទម្រង់​ គ្រប់គ្រងនយោបាយទាំងអស់ស្តេចទាំងឡាយ​និងអ្នកដឹកនាំទាំងឡាយ​ ត្រូវមានលក្ខណៈចាំបាច់ជាច្រើនដូចខាងលើ​មិនមែនសំដៅទៅលើតែ​មនុស្សពាក់ម្កុដ​ និងគ្រឿងអលង្ការពេញខ្លួន ​ឬ​មិនមែនសំដៅទៅលើតែមនុស្សដែលគេជ្រើស​រើសដោយសារមានទ្រព្យសម្បត្តិច្រើន​ឬ​ប្ញកពាខ្ពស់សមរម្យ​ ឬមិនមែនសំដៅទៅលើមនុស្សដែលបានអំណាចដោយសារកម្លាំងអាវុធ​ និងអំពើហិង្សា​ពូកែភូតភរនោះទេ ​ក៏ប៉ុន្តែចាំបាច់ត្រូវការអ្នកមានសមត្ថភាពដឹកនាំ​និងគ្រប់គ្រង​ ។ ​ ការតិះទៀនគំនិត​នយោបាយស្តីអំពីចំណេះដឹងក្នុងការដឹកនាំដែលត្រូវមាននោះ​ បានងាកចេញឆ្ងាយអំពីគោលការណ៍នានារបស់ប្រជាធិបតេយ្យ​ពួកគហបតី​របស់ពួកអេលីត​​ និងរបស់ពួកផ្តាច់ការ​ ។ ​សូក្រាតតិះទៀន​របបផ្តាច់ការខ្លាំងជាងគេបំផុត​ ។
ក្នុងគំរោងនៃគំនិតនយោបាយរបស់សូក្រាត បានបង្ហាញ នូវភាពមានសមត្ថភាព ក្នុងការដឹកនាំ​ ចេះវិធីសាស្រ្ត​ និងចំណេះដឹង ​ដែលចាំបាច់សម្រាប់ដឹកនាំ​ ពោលគឺគោលការណ៍សំខាន់ៗ ​​ទាំងអស់នៃសមត្ថភាព នៃការគ្រប់គ្រង​មិនតែប៉ុណ្ណោះ ​នៅក្នុងគំរោងគំនិតនយោបាយ​ បានព្យាយាម​ពន្យល់ទ្រឹស្តីខ្លះ​និងបង្កើតនូវមូលដ្ឋាន នៃសុជីវវិនិច្ឆ័យ​ ហើយនឹងខ្លឹមសាររបស់រដ្ឋ​ ។ ដោយមានជំនឿជឿជាក់លើគំនិត​ និងចំណេះដឹងរបស់ខ្លួន​ ​ស្គាល់ច្បាស់ថាអ្វីជាយុត្តិធម៌​ជាច្បាប់ ​ហើយនឹងធ្វើជាគំនិត​សុភវិនិច្ឆ័យ ​ក្នុងការដឹកនាំគ្រប់គ្រង ​ចំណែកសូក្រាត​ ជាច្រើនលើក​ច្រើនសារ ​ធ្លាប់បានប្រឈមមុខគ្នា ជាមួយរដ្ឋអំណាច (ដូចរដ្ឋអំណាចប្រជាធិបតេយ្យ បែបផ្ទាល់​ និងរដ្ឋអំណាចផ្តាច់ការ) ក្នុងគោលបំណងព្យាយាមបញ្ចូល នូវឥទ្ធិពល​ទៅលើគូបដិបក្ស ​និងបញ្ចូលនូវនយោបាយ​តិះទៀន ដ៏ល្បីល្បាញរបស់គាត់​​ ។​ ក៏ប៉ុន្តែ​​ចុងបញ្ចប់​សូក្រាត​ត្រូវតែផឹកថ្នាំពិស​ ។​ ការកាត់ទោសសូក្រាត​ ដោយមេដឹកនាំក្រុងអាតែន​ ដែលកាន់របបប្រជាធិបតេយ្យ ​ដោយបានចោទប្រកាន់ថា​គាត់មិនជឿព្រះ​ មិនគោរពច្បាប់ ​​និងបំផ្លាញអនាគតយុវជន ​។ ​ការកាត់ទោសប្រហារជីវិត ​ពុំបានធ្វើឲ្យសូក្រាតតក់ស្លុតឡើយ ​ផ្ទុយទៅវិញ​ គាត់នៅតែមានជំនឿទៅលើគោលការណ៍របស់គាត់​ មិនរំលោភច្បាប់​ មិនធ្វើអ្វីដែល​ឆ្លើយតប​នឹងភាពគ្មានយុត្តិធម៌​ ដោយអំពើអយុត្តិធម៌ឡើយ ​ហើយគាត់បានបដិសេធ ចំពោះការជួយគាត់ឲ្យរត់ចេញពីគុក​ ។ ​មរណៈភាពរបស់សូក្រាត​​បានលេចឡើងនូវចំណោទ​ជាច្រើន រាប់មិនអស់ ស្តីអំពីការគំរាមគំហែងដល់បញ្ញាវន្ត​ ដែលកំពុងតែចូលរួមក្នុងកិច្ចការនយោបាយ​​ ។​​ទ្រឹស្តីរបស់សូក្រាត ​ ជិវិតរបស់គាត់ ​និងមរណៈភាពរបស់គាត់​ បានធ្វើឲ្យមានការចាប់អារម្មណ៍​ជាខ្លាំងផងដែរ​ មកលើអ្នកបា្រជ្ញដែលទទួលស្គាល់ស្នាដៃ​ និងគំនិតរបស់គាត់​ជំនាន់ក្រោយ​ៗ​ ​ថែមទាំងបានជះឥទ្ធិពលយ៉ាងខ្លាំង ទៅលើទំព័រប្រវត្តិទស្សនវិជ្ជា ​និងគំនិតនយោបាយ​ ។​ ឥទ្ធិពល​សូក្រាត​បានសម្តែងឡើងនូវជ័យជំនះដ៏ធំធេងរបស់គាត់​ ក៏ដូចជារបស់ប្រជាជន​ក្រិចទាំងមូល ​​ស្តីអំពីគំនិតនយោបាយ​ និងច្បាប់​ដូចជាទស្សនៈនយោបាយរបស់ ផ្លាតូ ​ហើយនឹងនយោបាយ​វិទ្យារបស់លោក ​អារីស្តូត​​ ៕
វិធីសាស្រ្តបង្រៀនរបស់សូក្រាត
សូក្រាត ​មានវិធីបង្រៀនពីរយ៉ាង​គឺ សិល្បៈបង្កើតគំនិត​ និងការចំអក ​។​ សូក្រាត ប្រើវិធីបង្កើតគំនិត ចំពោះមនុស្សសាមញ្ញ​ ដែលមិនចេះអួតអាង​ ហើយដឹងថាខ្លួនគ្មាន​ចេះអ្វីសោះ​ ។ ​សូក្រាត ​ប្រើវិធីចំអកចំពោះពួកសូហ្វីស​ (ពួកទស្សនវិជ្ជាមួយក្រុម ​​ដែលប្រឆាំងនឹងទស្សនវិជ្ជារបស់សូក្រាត​) ពួកនេះ​អួតអាងមានជំនឿថា​ ខ្លួនមានចំណេះជាសកល​​  ។​ ឃ្លាចំបងរបស់សូក្រាត​ស្តីពីទស្សនវិជ្ជាគឺ  ​«ខ្ញុំដឹងតែមួយមុខគត់​ គឺគ្មានចេះអ្វីសោះ​» ​‌ ៕
ទស្សនវិជ្ជារបស់សូក្រាត
ទស្សនវិជ្ជារបស់សូក្រាតគឺ៖
-ត្រូវយល់ពីដំណើរប្រព្រឹត្តទៅនៃធម្មជាតិ​។
-ត្រូវយល់អ្វីដែលនៅជិតយើង​មុននឹងយល់អ្វីដែលនៅឆ្ងាយពីយើង‌‍‌‌‌‌‌‌។
-ត្រូវស្គាល់ខ្លួនឯងដោយខ្លួនឯង​​‌។
-ត្រូវដុះខាត់ព្រលឹង(ចិត្ត)​ឲ្យបានប្រសើរជាងដុះខាត់សរីរៈ‌​‌។
-ត្រូវនិយមប្រើពាក្យថា​«ខ្ញុំមិនចេះអ្វីសោះ»​‌
-ត្រូវជជែកគ្នា‌‌ដើម្បីរកការពិត​ព្រោះការជជែក‌‌​ជាវិធីបង្កើតគំនិត​‌។
-លទ្ធផលដែលល្អ‌‌‌‌‌‌‌‌‌‌​ជាលទ្ធផលដែលបានទទួលការរិះគន់រួចហើយ​‌។
សូក្រាតពោលថា‌​ «ពុំមានអ្នកណាម្នាក់​ កាចដោយចេតនាទេ​ ។ ​មនុស្សម្នាក់ៗ‌ សុទ្ធតែមានបំណងល្អ​ តែបើប្រែជាអាក្រក់វិញ​ គឺពិតជាមានបុព្វហេតុ​ ដូចជាបុព្វហេតុផ្ទាល់ខ្លួន ឬក្រៅខ្លួន» ‌តែចំពោះបា្លតុងវិញ​យល់ថា​ «មនុស្សកើតមកមានអាកប្បកិរិយាខុសៗ គ្នា​ ខ្លះល្អ ​ខ្លះអាក្រក់ ​ ខ្លះស្លូត ​ខ្លះកាច​តាមនិស័យពីធម្មជាតិ»​  ក្នុងតំលៃសីលធម៌​ សូក្រាត ចេញមុខប្រឆាំង នឹងពួកសូហ្វីស ជាពួកពូកែអួត ​ដែលចូលចិត្ត​យកពាក្យសំដី​ទៅប្រើផ្លូវខុស ​ហើយធ្វើអាកប្បកិរិយា​ ដូចជាអ្នកចេះដឹងច្រើន​ ។ ​សូក្រាត ​ជាមនុស្សថ្មីចំឡែក ដែលបានក្លាយជាទស្សនវិទូគំរូមួយរូប សម្រាប់មនុស្សជំនាន់ក្រោយ​ ។ គេតែងនិយាយថា ​ «សូក្រាត ជាមនុស្សនៃក្រុងអាតែន​ ដែលមានរូបអាក្រក់​​ ហើយល្អជាងគេបំផុត»​ 

Buddha Dhamma Monk

Buddhism stresses the importance of proper behavior, broadly summarized in The Eightfold Path: 1.Right View 2.Right Thought 3.Right Speech 4.Right Action 5.Right Livelihood 6.Right Effort 7.Right Mindfulness 8.Right Concentration Buddhism's most important moral guidelines are the Five Precepts: 1.I undertake to observe the precept regarding abstention from killing 2.I undertake to observe the precept regarding abstention from taking anything not given 3.I undertake to observe the precept regarding abstention from indulging in unlawful sexual relations 4.I undertake to observe the precept regarding abstention from speaking lies 5.I undertake to observe the precept regarding abstention from taking intoxicating drinks # 23,Group 48,village 5,St.282,Sangkat Beong Keng Kong1, Khan chamkarmorn Phnom Penh +855 I have graduate from BUILD BRIGHT UNIVERSITY(BBU) AND PREAH SIHANOUK RAJA (SBU) I work at Khmer Plus Computer Address: #156BE, St.63 (Trasak Phaem), Sang kat Chaktomok, Khan Daun Penh, Phnom Penh And Much More... Hey..My name is Thol Un Welcome To my site! Hope it will help you! Nice to know you!

Post a Comment

Previous Post Next Post