នាទីប្រវត្តិសាស្រ្ត៖ ប្រវត្តិពិធីបុណ្យចូលឆ្នាំខ្មែរ




 

ប្រទេសកម្ពុជា គឺជាប្រទេសមួយដែលមានខឿនអរិយធម៌ចំណាស់មួយនៅភូមិភាគអាស៊ីអាគ្នេយ៏។  អរិយធម៌ដ៏ចំណាស់បែបនេះហើយ ដែលជាហេតុធ្វើឲ្យប្រជាជាតិមួយនេះសម្បូរទៅដោយវប្បធម៌ចំរុះពណ៌។

ជាក់ស្តែងពីធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ គឺជាពិធីបុណ្យជាតិមួយដែលប្រជាពលរដ្ឋកម្ពុជាចងចាំមិនភ្លេច ព្រមទាំងប្រារព្ធជារៀងរាល់ឆ្នាំមិនដែរខាន។  បើយោងទៅតាមឯកសារសំណេររបស់លោកជី តាខ្វាន់ នៅពេលដែលលោកមកដល់អាណាចក្រខ្មែរ កាលពីឆ្នាំ ១២៩៦ នាស.វទី១៣ លោកបានសរសេររៀបរាប់ថា ថ្ងៃចូលឆ្នាំពីបុរាណកាលគឺ គេប្រារព្ធនៅខែ មករាដែលសម័យនោះគេគិតតាមចន្ទគតិបុរាណ ឬហៅម្យ៉ាងទៀតថាថ្ងៃមហាសង្រ្កាន។ លុះក្រោយមកគេក៏ប្តូរពីខែមករា មកខែមេសាវិញដោយយកតាម សុរិយាគតិ ហើយវាក៏ជាខែនៃរដូវប្រមូលផលរួចរាល់ផងដែរ។ ទាក់ទងទៅនឹងរឿងព្រេងប្រវត្តិចូលឆ្នាំនេះ ក៏មានការនិយមនិទានតៗគ្នា ពីមាត់មួយទៅមាត់មួយផងដែរ ទាក់ទងនឹងការភ្នាល់ដោះប្រស្នាដាក់ជីវិតរវាងកបិលមហាព្រហ្ម និងធម្មបាលកុមារ។

ជាយូរលង់ណាស់មកហើយមានសេដ្ឋីម្នាក់មានកូនប្រុសម្នាក់ឈ្មោះថា ធម្មាបាលកុមារ ដែលមានចំណេះដឹងមហាវិសេស ខ្លាំងពូកែខុសពីមនុស្សដ៏ទៃ ព្រមទាំងរៀនចប់ត្រៃវាទតាំងពីអាយុ ៧ឆ្នាំ។ ក្រៅពីវិជ្ជាពិសេសទាំងនេះ ធម្មាបាលកុមារក៏ចេះនូវវិជ្ជាមួយទៀត គឺអាចស្តាប់ និងនិយាយជាមួយសត្វបក្សីទាំងពួង។

សម័យថ្ងៃមួយកបិលមហាព្រហ្មបានថ្លែងខ្លួនជាព្រហ្មញ្ញចុះមកធ្វើការផ្ងាញ់ផ្ចារប្រាជ្ងាជាមួយធម្មាបាលកុមារ ដោយដាក់ប្រស្នា៣ប្រការ ដែលប្រស្នាទី១គឺ តើពេលព្រឹកសិរីសួស្តីនៅត្រង់ណា? ពេលថ្ងៃនៅត្រង់ណា? និងពេលល្ងាចនៅត្រង់ណា? ហើយបានភ្នាល់ថាបើធម្មបាលកុមារដោះប្រស្នាទាំង៣ប្រការនេះបាន កបិលមហាព្រហ្មនឹងកាត់ក្បាល បូជាចំពោះធម្មបាលកុមារ តែបើធម្មបាលកុមារដោះមិនបានទេ ធម្មបាលកុមារត្រូវកាត់ក្បាលថ្វាយព្រះព្រហ្មវិញ។ លឺបែបនេះធម្មបាលក៏សុំព្រាហ្មណ៍ថ្លែងខ្លួននោះពន្យារពេលរយៈពេល៧ថ្ងៃដើម្បីធ្វើការដោះប្រសារទាំង៣ប្រការនេះ។

រំលងបាន៦ថ្ងៃហើយធម្មបាលកុមារនៅតែមិនអាចរកចម្លើយឃើញទៀត ធម្មបាលកុមារគិតថា ខ្លួននឹងត្រូវអស់ជីវិតក្នុងស្នាដៃកបិលមហាព្រហ្មហើយ ខ្លួនក៏សម្រេចចិត្ត ចូលទៅក្នុងព្រៃ ពូន លាក់អត្មា មួយរយៈ។ តែជាការសំណាងល្អធម្មបាលកុមារក៏បានស្តាប់លឺក្អែកញី ឈ្មោលពីរក្បាលកំពុងជជែកសាសងគ្នានៅលើមែកឈើមួយដែលធម្មបាលកុមារកំពុងលាក់ខ្លួន។ ក្អែកញីសួរទៅក្អែលឈ្មោលថា «តើស្អែកនេះយើងបានអ្វីឆី?» ក្អែកឈ្មោលឆ្លើយថា« ឆីសាច់ធម្មបាលកុមារ ព្រោះបើព្រឹកស្អែកនេះធម្មបាលកុមារដោះប្រស្នា មិនរួចទេ កបិលមហាព្រហ្មនឹងយកក្បាលធម្មបាលកុមារហើយ»។ «តើជាប្រស្នាអ្វី?» ក្អែកញីសួរបន្ត។ ក្អែកឈ្មោលឆ្លើយ «តើពេលព្រឹកមនុស្សមានសេរីសួស្តីនៅត្រង់ណា? ពេលថ្ងៃនៅត្រង់ណា? និងល្ងាចនៅត្រង់ណា?»។ ក្អែកញីសួរត«ចុះនៅត្រង់ណាខ្លះទៅ?»។ ក្អែកឈ្មោលឆ្លើយប្រាប់«ពេលព្រឹកនៅត្រង់មុខ រីឯពេលថ្ងៃនៅត្រង់ទ្រូង ចំណែកឯពេលល្ងាចគឺនៅត្រង់ជើង»។ជាសំណាងល្អ ធម្មបាលកុមារចេះភាសាសត្វ លុះដឹងចម្លើយសព្វគ្រប់អស់ហើយ ធម្មបាលកុមារមានចិត្តត្រេកអរជាខ្លាំងក៏ត្រឡប់មកអាស្រមដែលខ្លួនស្នាក់នៅវិញ។ លុះព្រឹកឡើងកបិលមហាព្រហ្មក៏ក្លែងជាព្រហ្មញ្ញម្តងទៀតចុះមកទទួលចម្លើយពីធម្មបាលកុមារដូចពាក្យសន្យា ដោយគិតក្នុងចិត្តថា ធម្មបាលកុមារមិនអាចឆ្លើយរួចនោះទេ។ តែជាអកុសលធម្មបាលកុមារដឹងចម្លើយអស់សព្វគ្រប់ហើយ រួចឆ្លើយដោយឥតស្ទាក់ស្ទើរប្រាប់ទៅកបិលមហាព្រហ្ម។ ដោយកបិលមហាព្រហ្មចាញ់ធម្មបាលកុមារក្នុងការភ្នាល់លើកនេះកបិលមហាព្រហ្មក៏លើកដាវមកកាត់ព្រះសិរិសាតាមពាក្យសន្យា ដែលខ្លួនបានសន្យាជាមួយធម្មបាលកុមារ ក៏ប៉ុន្តែមុនពេលកាត់ព្រះសិរិសាបូជា កបិលមហាព្រហ្មក៏បានហៅបុត្រីទាំង៧អង្គមកផ្តែផ្តាំថា«បើយកក្បាលបិតាទុកនៅឋានកណ្តាលនឹងកើតជាភ្លើងឆេះ បើបោះទៅលើអាកាសនឹងកើតគ្រោះរាំងស្ងួត គ្មានភ្លៀង ហើយបើនឹងបោះទៅសមុទ្រ ទឹកនឹងរីងស្ងួតហួតហែង  ដូច្នេះចូរបុត្រយកពានមកទទួលព្រះសិរិសាព្រះបិតាចុះ»។ ពេលផ្តែផ្តាំរួចទ្រង់ក៏កាត់ព្រះសិរិសាហុចឲ្យព្រះនាងទុង្សាទេវី ដែលជាបុត្រីច្បងរបស់ព្រះអង្គ។ ព្រះនាងទុង្សាទេវី ក៏បានយកពានមកទទួលព្រះសិរសាព្រះបិតា រួចហែរប្រទក្សិណភ្នំព្រះសុមេរុ ៦០នាទីទើបយាងទៅប្រតិស្ឋានទុក ក្នុងមណ្ឌលេះនៅក្នុងគុហាគន្ធមាលី នាភ្នំកៃលាស និងបូជាគ្រឿងទិព្វផ្សេងៗ។ លុះដល់គម្រប់១ឆ្នាំជា សង្រ្កាន្ត នាងទេពធីតាទាំង៧ ក៏ផ្លាស់វេនគ្នា មកអញ្ជើញព្រះសិរិសាបិតា ចេញមកដង្ហែប្រទក្សិណ ភ្នំសុមេរុជារៀងរាល់ឆ្នាំ រួចហើយក៏យាងត្រឡប់ទៅឋានទេវលោកដើម្បីតម្កល់វិញ។

អាស្រ័យហេតុនេះ ប្រជាជនកម្ពុជាបានកំណត់យកថ្ងៃទី១៣ រហូតដល់១៥ ឬ ១៤ដល់១៦ ខែមេសា គឺជាថ្ងៃ ចូលឆ្នាំប្រពៃណីជាតិខ្លួន ហើយក៏ជាថ្ងៃទទួលទេវតាដែលចុះមកប្រទក្សិណនៅឋាន          កណ្តាលជាប្រចាំឆ្នាំផងដែរ។

តើពិធីបុណ្យចូលឆ្នាំនេះមានអត្ថន័យយ៉ាងណាចំពោះប្រជាជនកម្ពុជា?

ជារៀងរាល់ឆ្នាំប្រជាជនខ្មែរនិយមរៀបចំពីធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរនៅថ្ងៃទី១៣ ឬ១៤ ខែមេសា ត្រូវនឹងខែ ចេត្រ នៃចន្ទគតិ។ ជាទូទៅ តាមទម្លាប់របស់ប្រជាជនខ្មែរ គេនិយមចូលឆ្នាំចំនួន៣ថ្ងៃ ដែលថ្ងៃទី១គឺជាថ្ងៃចូលឆ្នាំ ថ្ងៃទី២ជាថ្ងៃវីរៈ ចំណែកឯថ្ងៃទី៣គឺជាថ្ងៃឡើងស័ក។ ប្រជាជនខ្មែរតែងនាំគ្នារៀបចំពីធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរជារៀងរាល់ឆ្នាំ ព្រោះយើងយល់ថា បុណ្យចូលឆ្នាំថ្មី មានអត្ថន័យជ្រាលជ្រៅឥតគណនា។ ខ្មែរមានជំនឿថា ក្នុងមួយឆ្នាំនៃការរស់នៅ គេតែងជួបប្រទះអពមង្គល ឧបទ្រព្យចង្រៃផ្សេងៗ ជួនកាលមានទុក្ខសោក ជួនកាលមានគ្រោះអាសន្ន ជួនកាលមានជម្ងឺរួបរឹតរាងកាយ ជួនកាលទៀតបានប្រព្រឹត្តអំពើសៅម៉ង មិនគប្បី។ លុះផុតឆ្នាំចាស់ទៅ គេនាំគ្នាធ្វើបុណ្យ គេស្លៀកពាក់ថ្មីៗ គេនាំគ្នាដើរលេងកំសាន្ត ដើម្បីឲ្យអស់កង្វល់ ហើយឲ្យមានសិរីសួស្តី មានសុភមង្គលនៅក្នុងឆ្នាំថ្មី។ ម៉្យាងទៀតរយៈពេលមួយឆ្នាំ ពួកគេបានបែកចេញពីគ្រួសារ និងញាតិមិត្តទៅប្រកបរបរចិញ្ចឹមជីវិតនៅទីឆ្ងាយ លុះដល់ថ្ងៃចូលឆ្នាំថ្មី នេះគឺជាឱកាសល្អសម្រាប់ពួកគេបានជួបជុំក្រុមគ្រួសារជាមួយគ្នា សួរសុខទុក្ខគ្នា ដើម្បីបន្ធូរការនឹករលឹក និងបំបាត់ការនឿយហត់ពីការងារពីផងដែរ រួចទើបបន្តជីវភាពថ្មីនៅក្នុងឆ្នាំថ្មី ប្រកបរបរដោយជោគជ័យ និងអាយុយឺនយូរ។ ម្យ៉ាងទៀត ពិធីបុណ្យចូលឆ្នាំថ្មីគឺជា ប្រពៃណីអាចបណ្តុះការស្រឡាញ់រាប់អានគ្នា រវាងអ្នកភូមិស្រុកជិតខាងគ្នា ហើយនេះក៏ជាកត្តាដែលអាចបង្កើតការសាមគ្គីភាពជាតិផងដែរ។

ហេតុដូចនេះហើយទើបនៅពេលនោះ គេមិនត្រឹមតែជួបជុំក្រុមគ្រួសារប៉ុណ្ណោះទេ តែគេនាំគ្នាទៅធ្វើបុណ្យនៅវត្តអារាម ដែលជាមជ្ឃមណ្ឌលអប់រំឲ្យមានមនុស្សធម៌ និងសាមគ្គីភាព។ ដោយសារតែពិធីចូលឆ្នាំប្រពៃណីខ្មែរមានអត្ថន័យដូចនេះហើយបានជា និយមរាប់អានទុកជាប្រពៃណីជាតិតាំងពីដើមរហូតមកពេលនេះ៕

អត្ថបទដោយ កញ្ញា អ៊ុំ ច័ន្ទលក្ខិណា

ចុចអានបន្ត:....https://km.wikipedia.org/wiki/%E1%9E%85%E1%9E%BC%E1%9E%9B%E1%9E%86%E1%9F%92%E1%9E%93%E1%9E%B6%E1%9F%86%E1%9E%81%E1%9F%92%E1%9E%98%E1%9F%82%E1%9E%9A

 ចុចអានបន្ត:....https://en.wikipedia.org/wiki/Cambodian_New_Year

Buddha Dhamma Monk

Buddhism stresses the importance of proper behavior, broadly summarized in The Eightfold Path: 1.Right View 2.Right Thought 3.Right Speech 4.Right Action 5.Right Livelihood 6.Right Effort 7.Right Mindfulness 8.Right Concentration Buddhism's most important moral guidelines are the Five Precepts: 1.I undertake to observe the precept regarding abstention from killing 2.I undertake to observe the precept regarding abstention from taking anything not given 3.I undertake to observe the precept regarding abstention from indulging in unlawful sexual relations 4.I undertake to observe the precept regarding abstention from speaking lies 5.I undertake to observe the precept regarding abstention from taking intoxicating drinks # 23,Group 48,village 5,St.282,Sangkat Beong Keng Kong1, Khan chamkarmorn Phnom Penh +855 I have graduate from BUILD BRIGHT UNIVERSITY(BBU) AND PREAH SIHANOUK RAJA (SBU) I work at Khmer Plus Computer Address: #156BE, St.63 (Trasak Phaem), Sang kat Chaktomok, Khan Daun Penh, Phnom Penh And Much More... Hey..My name is Thol Un Welcome To my site! Hope it will help you! Nice to know you!

Post a Comment

Previous Post Next Post